​ភ្នំពេញៈ គម្រោង​វិនិយោគ​ចំនួន​​ ១០ ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៦០ ​លាន​ដុល្លារ​ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ (CDC) អនុម័ត​ក្នុង​រយៈពេល ១៥​ ថ្ងៃ​ដំបូង​ នៃ​ឆ្នាំ​ ២០២៤ ដោយ​ក្នុងនោះ​មាន​គម្រោង​ចំនួន​ ៧ ស្ថិតក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។ នេះ​បើ​យោងតាម CDC​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC កាលពី​ថ្ងៃទី​១៧ ខែមករា ឱ្យដឹងថា រយៈពេល ១៥​ ថ្ងៃ​ដំបូង ក្នុង​ឆ្នាំ​២០២៤ CDC បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន ១០ ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៦០ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ១២ ៦៩៥​ កន្លែង​។ ក្នុងចំណោម​គម្រោង​ទាំង ១០ គឺមាន ៧​ គម្រោង​ស្ថិតក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។

 ចំណែក​គម្រោង ៣ ទៀត​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​, គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក​(​ធុង​ទឹកកក​, ធុង និង​ប្រអប់​រក្សា​កម្ដៅ​, និង​ទូក​កា​យ៉ាក់​), គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​គ្រប់​ប្រភេទ និង​គ្រឿងបន្លាស់​។​

យោងតាម CDC គម្រោង​ទាំង ១០​ខាងលើ គឺមាន ៥ នៅក្នុង​ខេត្តកំពង់ស្ពឺ​, ២ នៅ​រាជធានី​ភ្នំពេញ​, ២ នៅ​ខេត្តតាកែវ​, និង ១ នៅ​ខេត្តកណ្តាល​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​១៨ ខែមករា ថា មុននឹង​ទៅ​បណ្តាក់ទុន​នៅ​ប្រទេស​ណាមួយ ឬ​លើ​វិស័យ​ណាមួយ គឺ​វិនិយោគិន​តែងតែ​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​លើ​លក្ខខណ្ឌ​ជាច្រើន​ដូចជា ទីតាំង​ភូមិសាស្ត្រ ស្ថានភាព​នយោបាយ ប្រព័ន្ធ​ច្បាប់​វិនិយោគ ទីផ្សារ​នាំចេញ កម្លាំង​ពលកម្ម និង​ប្រព័ន្ធ​ដឹកជញ្ជូន​ជាដើម​។ កំណើន​ការបណ្តាក់ទុន​ជា​បន្តបន្ទាប់​នេះ គឺ​បញ្ជាក់​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​ចំពោះ​ស្ថានភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា​។

លោក​បន្តថា ភាព​ធូរស្បើយ​នៃ​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​សកល​នាពេលនេះ ក៏​ជា​កត្តា​សំខាន់​ដែល​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​បញ្ចេញ​ទុន​មក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ ខណៈ​កម្ពុជា​ក្រៅពី​មាន​ទំនាក់ទំនង​ការទូត និង​ទីផ្សារ​ជាមួយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​នោះ កម្ពុជា​ក៏បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ជាច្រើន​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ព្រមទាំង​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំទៅ​កាន់​ទីផ្សារ​ធំៗ​មួយចំនួន​ផងដែរ​។​

លោក​បញ្ជាក់ថា​៖«​ទោះ​ការនាំចេញ​ផលិតផល​មួយចំនួន ពិសេស​ផលិតផល​វាយ​ន​ភណ្ឌ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ កាលពី​ឆ្នាំ​២០២៣ ធ្លាក់ចុះ ប៉ុន្តែ​អ្នកវិនិយោគ​នៅតែ​មើលឃើញ​ពី​ឱកាស​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា ដែល​អាច​នឹង​ងើប​ឡើងវិញ​ចាប់ពី​ឆ្នាំ​២០២៤ នេះ​តទៅ​»​។​

លោក​លើកឡើង​ទៀតថា នៅពេល​សេដ្ឋកិច្ចពិភពលោក​ល្អប្រសើរ​មនុស្ស​នឹងធ្វើ​ដំណើ​រ​ទេសចរណ៍​ច្រើន ដូច្នេះ​ប្រាកដ​ណាស់​គឺ​តម្រូវ​ការផលិត​ផលស​ម្លៀ​ក​បំពាក់ ស្បែកជើង កាបូប និង​ផលិតផល​ផ្សេងទៀត​នឹង​កើនឡើង​។ លោក​បញ្ជាក់ថា​៖«​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​នឹងមាន​ភាពល្អ​ជាង​ឆ្នាំមុន​»​។​

​អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​​ (GMAC) លោក កាំ​ង មូ​នី​កា បាន​ប្រាប់ថា បន្ទាប់ពី​ជួប​បញ្ហា​ជាច្រើន​ចាប់តាំងពី​អំឡុង​ចុងឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ លោក​រំពឹងថា ផលិតកម្ម​វាយ​ន​ភណ្ឌ​នៅក្នុង​ឆ្នាំ​២០២៤ នេះ​អាច​នឹងមាន​ភាពល្អប្រសើ​រ​ឡើងវិញ​ខ្លះ​។

លោក​បាន​និយាយថា​៖«​ខ្ញុំ​រំពឹងថា​វិស័យនេះ​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ​២០២៤​នេះ ដោយសារតែ​ទីផ្សារ​សំខាន់ៗ​របស់​យើង​ទាំង​នៅ​អាមេរិក អឺរ៉ុប ចក្រ​ក្រ​ភព​អង់គ្លេស កាណាដា និង​ជប៉ុន​កំពុងមាន​កំណើន​ឡើងជា​ពិសេស​ការនាំ​ចេញទៅ​ទីផ្សារ​ចិន និង​ទីផ្សារ​ដទៃៗ​ទៀត»​។​

​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង កន្លងមក​ធ្លាប់បាន​និយាយថា កំណើន​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា ពិសេស​ក្នុង​ខេត្តកំពង់ស្ពឺ គឺ​កើតឡើង​ដោយសារ​កត្តា​មួយចំនួន​ដូចជា កត្តា​សន្តិភាព មាន​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​និង​តម្លៃ​សមរម្យ និង​ប្រព័ន្ធ​ច្បាប់​វិនិយោគ​អំណោយផល​។​

លោក​បាន​លើកឡើងថា​៖«​អ្នកវិនិយោគ​គាត់​ហ៊ាន​មករក​ទទួលទាន​នៅ​ខេត្តកំពង់ស្ពឺ កាន់តែច្រើន គឺ​ដោយសារតែ​សន្តិភាព សុខ​សុវត្ថិភាព ដែល​ធានា​ការពារ​ដោយ​អាជ្ញាធរ និង​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ និង​ភាពស្មោះត្រង់​របស់​ក្រុមកម្មករ​»៕