​រដ្ឋាភិបាល​ផ្ដល់​ការ​ឈប់​សម្រាក​៣​ថ្ងៃ​ដល់​កម្មករ​និយោជិត​កំលុងពេល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​

ត​ន​ ​វិបុល​ / Khmer Times Share:
បុរសម្នាក់ពិនិត្យ​មើលបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់មួយនៅរាជធានីភ្នំពេញ។ ខ្មែរថាមស៍៖ នួន សុខសារីម

 

​រដ្ឋាភិបាល​បាន​ប្រកាស​ជា​សាធារណៈ​ថា​ ​រដ្ឋ​បាន​អនុ​ញ្ញាឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ពី​ការងារ​ចំនួន​បី​ថ្ងៃ​ ​ដោយ​រក្សា​ប្រាក់ឈ្នួល​និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ ​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កម្មករ​និយោជិត​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​
ទី​៧​ ​ឆ្នាំ​២​០​២​៣​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២០២៣​ ​ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១​៨​ ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​បោះឆ្នោត​ក្នុង​អាណត្តិ​ថ្មី​នេះ​។​

​កាលពី​ថ្ងៃសៅរ៍​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ​និង​ក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ធ្វើ​លិខិត​ពីរ​ដាច់ដោយឡែក​ពី​គ្នា​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ពី​ការងារ​ចំនួន​៣​ថ្ងៃ​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កម្មករ​និយោជិត​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​។​

​តាម​លិខិត​របស់​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក​ ​ឈួន​ ​ឆា​ម​ ​ចុះ​ថ្ងៃ​ទី​៣​ ​ខែ​ឧ​មិថុនា​ ​ការអនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ពី​ការងារ​ចំនួន​៣​ថ្ងៃ​ ​បាន​ទទួល​ការ​យល់ព្រម​ពី​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​។​

​ចំណែក​លោក​ អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​បាន​លើកឡើង​ក្នុង​លិខិត​ណែនាំ​ថា​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​កម្មករ​និយោជិត​ក្នុង​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ន​ៅ​ថ្ងៃអាទិត្យ​ ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ខាង​មុខ​នេះ​ ​ម្ចាស់​ឬ​នាយក​រោងចក្រ​សហគ្រាស​ទាំងអស់​ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ពី​ការងារ​ចំនួន​៣​ថ្ងៃ​ ​គឺ​នៅ​ថ្ងៃ​ទី​២​២​ ​ថ្ងៃ​ទី​២​៣​ ​និង​ថ្ងៃ​ទី​២​៤​ ​ខែ​កក្កដា​ ​ដោយ​រក្សា​ប្រាក់​ឈ្នួល​និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល​។​

​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ​លោក​ អ៊ិ​ត​ ​សំ​ហេង​ ​បាន​សរសេរ​បញ្ជាក់​បន្ថែម​ថា​៖​ ​«​និយោជក​ត្រូវ​ខិតខំ​បើក​ប្រាក់ឈ្នួល​ជូន​កម្មករ​និយោជិត​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​។​ ​បើ​ពុំ​មាន​លទ្ធភាព​បើក​ប្រាក់ឈ្នួល​ទាន់ពេល​ទេ​ ​សូមអនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ខ្ចី​ប្រាក់ឈ្នួល​មួយ​ភាគ​ជាមុន​សិន​»​។​

​លោក​បន្ថែម​ថា​៖​ ​«​រាល់​ការ​ឈប់​សម្រាក​ដូច​មានកំណត់​ខាង​លើ​ ​កម្មករ​និយោជិត​ពុំ​តម្រូវ​ឱ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​នៅ​ពេល​ពួក​គេ​ត្រឡប់មក​ធ្វើការងារ​វិញ​ឡើយ​»​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​ពីម្សិលមិញ​ថា​ ​រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ​ក្នុងកំលុង​ពេល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​ដោយ​រក្សា​ប្រាក់ឈ្នួល​និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។​

​ការ​បញ្ជាក់​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​កម្មករ​រោងចក្រ​ជាង​ ​១​៦​ ​០​០​០​នាក់​នៅ​ស្រុក​គង​ពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​ពីម្សិលមិញ​ ​ដែល​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ថ្ងៃឈប់​សម្រាក​សម្រាប់​កម្មករ​និយោជិត​រយៈពេល​៣​ថ្ងៃ​ ​ចាប់​ថ្ងៃ​ទី​២​២​ ​ថ្ងៃ​ទី​២​៣​ ​និង​ថ្ងៃ​ទី​២​៤​ ​ខែ​កក្កដា​ ​ដើម្បី​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ដល់​កម្មករ​និយោជិត​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧​។​

​លោក​បាន​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​ ​សហគ្រាស​ ​និង​ក្រុមហ៊ុន​ទាំងអស់​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ ​ដើម្បី​ពួកគេ​មាន​ពេល​វេលា​គ្រប់គ្រាន់​អាច​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ដោយ​រក្សា​ប្រាក់ឈ្នួល​របស់​ពួក​គេ​នៅ​ដដែល​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២០២៣​ ​ខាងមុខនេះ​ ​កម្មករ​និយោជិត​នឹង​ត្រូវធ្វើ​ការ​បោះឆ្នោត​ ​ដែល​វា​ជា​កាតព្វកិច្ច​មួយ​របស់​ពលរដ្ឋ​ ​ទោះ​វា​ជា​សេរីភាព​របស់​ពលរដ្ឋ​បោះឆ្នោត​ ​ឬ​មិន​បោះឆ្នោត​ ​ឬក៏​បោះឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​ ​នោះ​ជា​រឿង​ផ្សេង​»​។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖​ ​«​ការអនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​នេះ​ ​គឺ​រដ្ឋាភិបាល​បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ផ្ញើ​ទៅកាន់​ក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួចហើយ​។​ ​នេះ​ជា​ការ​គិត​គូរ​មួយ​ក្នុងចំណោម​ការ​គិតគូរ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​សុខទុក្ខ​របស់​ប្រទេសជាតិ​ផង​ ​ហើយ​វា​ពាក់ព័ន្ធ​នឹង​សុខទុក្ខ​របស់​កម្មករ​កម្មការិនី​របស់យើង​ផង​ដែរ​»​។​

​លោក​ ​សៀង​ ​សម្បត្តិ​ ​ប្រធាន​សហ​ព័ន្ធ​សហជីព​មិត្តភាព​កម្មករ​ ​បាន​និយាយ​ថា​ ​ការអនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ពី​ការងារ​ចំនួន​៣​ថ្ងៃ​ ​គឺ​អាច​គ្រប់គ្រាន់​សម្រាប់​កម្មករ​និយោជិត​ដែល​មាន​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ​ ​ប៉ុន្តែ​កម្មករ​និយោជិត​ធ្វើការ​នៅ​ភ្នំពេញ​ភាគច្រើន​ជា​អ្នក​ចំណាកស្រុក​មកពី​បណ្ដា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​។​ ​ដូច្នេះ​ហាក់បីដូចជា​ហោច​បន្តិច​សម្រាប់​ពួកគេ​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត​ដើម្បី​ចូលរួម​ការបោះឆ្នោត​។​

​លោក​បន្ត​ថា​៖​ ​«​ក្នុង​ចំណោម​កម្មករ​និយោជិត​ ​គឺ​ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃ​ដើម្បី​ធ្វើដំណើរ​ទៅ​ដល់​ស្រុក​កំណើត​ពួក​គេ​ ​ហើយ​ត្រូវ​ចំណាយ​ពេល​វេលា​មួយ​ថ្ងៃ​ដើម្បី​ត្រឡប​់មក​វិញ​។​ ​ដូច្នេះ​អាច​និយាយ​បាន​ថា​ពួក​គេ​មាន​ពេល​សម្រាក​ពិតប្រាកដ​តិចតួច​បំផុត​»​។​

​ចំណែក​លោក​ ​ប៉ាវ​ ​ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ ​មើល​ឃើញ​ថា​ ​កាលពី​ពីរ​អាណត្តិ​មុន​ ​រដ្ឋាភិបាល​បាន​កំណត់ពេល​សម្រាប់​កម្មករ​និយោជិត​ដែល​រស់នៅ​ក្នុង​ភ្នំពេញ​និង​ខេត្ត​ដែល​នៅ​ជិត​ភ្នំពេញ​បាន​ឈប់​សម្រាក​ពី​ការងារ​ចំនួន​មួយថ្ងៃ​ឬ​ពីរ​ថ្ងៃ​ ​ដើម្បី​ទៅ​ចូលរួម​បោះ​ឆ្នោត។​ ​ចំណែក​កម្មករ​និយោជិត​ធ្វើការ​នៅ​ភ្នំពេញ​ដែល​មាន​ទី​កំណើត​នៅ​ខេត្ត​ឆ្ងាយ​ៗ​ពី​ភ្នំពេញ​បាន​ឈប់​សម្រាក​ចំនួន​ពីរ​ឬ​បី​ថ្ងៃ​តាម​ភាព​ជាក់ស្ដែង​។​

​លោក​បន្ត​ថា​៖​ ​«​ការបោះឆ្នោត​ក្នុង​ពីរ​អាណត្តិ​ចុង​ក្រោយ​ ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ពី​ការងារ​ក្នុង​រយៈពេល​ស្មើ​រ​គ្នា​នៅ​ទូទាំង​ប្រទេស​។​ ​នេះ​ជា​រឿង​ល្អ​សម្រាប់​កម្មករ​និយោជិត​»៕​​​

Related Posts

Previous Article

អាស៊ានប៉ារ៉ាហ្គេម៖ កម្ពុជាដណ្តើមបានមេដាយចំនួន៧ គិតត្រឹមថ្ងៃទី៤ ខែមិថុនា

Next Article

​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នឹង​រៀបចំ​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​ទ្រង់ទ្រាយ​ធំ​ក្នុង​ទិវា​ពិភពលោក​អ្នកបរិច្ចាគ​ឈាម​