កំណត់ត្រាចំនួនកូនអណ្តើកហ្លួង កើតនៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង

Khmer Times Share:
កូនអណ្តើកហ្លូងទើបញាស់។ WCS Cambodia

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានរាយការណ៍ពីការញាស់របស់កូនអណ្តើកហ្លួងចំនួន ១២២ ក្បាល នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង (KKRCC) ក្នុងរដូវបង្កាត់ពូជឆ្នាំ ២០២៣។

អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាបានគូសបញ្ជាក់ថា នេះជាសមិទ្ធិផលដ៏អស្ចារ្យមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ នៅឆ្នាំនេះ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ប្រមូលបានសំបុកចំនួន ២១ ដែលមានពងសរុបចំនួន ២៧២ ។ ពីនេះ សត្វអណ្តើកហ្លួងចំនួន ១២២ ក្បាលបានញាស់ដោយជោគជ័យ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន ដែលមានសំបុកត្រឹមតែចំនួន ៩ និងពងចំនួន ៨១ ហើយបានញាស់ត្រឹម ៣១ ពង។

លោក Christopher Poyser អ្នកគ្រប់គ្រងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងបាននិយាយថា “នេះគឺជាជោគជ័យនៃការអភិរក្សពិតប្រាកដ” ។ “ការកើនឡើងយ៉ាងច្រើននៃការភ្ញាស់គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិរក្សប្រភេទសត្វជិតផុតពូជនេះ។ យើងមានសុទិដ្ឋិនិយមចំពោះរដូវបង្កាត់ពូជនៅឆ្នាំក្រោយ ហើយរំពឹងថាចំនួនកូនញាស់នឹងបន្តកើនឡើង”។

អណ្តើកហ្លួង គឺជាប្រភេទអណ្តើកមួយក្នុងចំណោមអណ្តើកចំនួន២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងបំផុតនៅលើសកលលោក និងត្រូវបានចាត់ជាប្រភេទសត្វដែលរងការគំរាមកំហែងប្រឈមនឹងការផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។នៅឆ្នាំ២០០៥ វាត្រូវបានចាត់តាំងជាសត្វល្មូនជាតិរបស់កម្ពុជាដែលចេញដោយព្រះរាជក្រឹត្យ ដែលចំណាត់ការនេះបន្ថែមអំពីសារៈសំខាន់នៃការអភិរក្សប្រភេទសត្វនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ការគំរាមកំហែងចម្បងចំពោះអណ្តើកហ្លួង រួមមានការបរបាញ់ ការចាប់បានដោយចៃដន្យនៅក្នុងឧបករណ៍នេសាទសម្រាប់ការបរិភោគក្នុងស្រុក និងក្រៅប្រទេស និងការបំផ្លាញជម្រកសំបុករបស់វាតាមរយៈការបូមខ្សាច់ ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដី។

ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងទាំងនេះ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ក្នុងភាពជាដៃគូរយៈពេលវែងជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគាំទ្រដោយមជ្ឈមណ្ឌល Mandai Natureនិង មជ្ឈមណ្ឌល Angkor Center for Conservation of Biodiversity (ACCB)នឹង បន្តអនុវត្តកម្មវិធីអភិរក្សផ្សេងៗទៀត។

កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងស្តារចំនួនសត្វអណ្តើកហ្លួងឡើងវិញ តាមរយៈការអភិរក្សទាំងនៅក្នុងទីតាំងថ្មី និងទីតាំងចាស់។ លើសពីនេះអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជានឹងបង្កើតឱកាសសម្រាប់សហគមន៍មូលដ្ឋានក្នុងការចូលរួមក្នុងការអភិរក្សប្រព័ន្ធទន្លេ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលបាននិយាយថា “យើងមានមោទនភាពណាស់ដែលបានដឹងថាពងអណ្តើកហ្លួងជាច្រើនបានញាស់នៅមជ្ឈមណ្ឌលឆ្នាំនេះ។ នេះ​ជា​ក្តី​សង្ឃឹម​ថ្មី​មួយ​សម្រាប់​ការ​ស្តារ​ប្រភេទ​សត្វនេះ​នៅ​កម្ពុជា។ យើងលើកទឹកចិត្ត និងគាំទ្រយ៉ាងមុតមាំក្នុងការបន្តកម្មវិធីបង្កាត់ពូជដើម្បីស្ដារប្រភេទសត្វនេះឡើងវិញនាពេលអនាគត ហើយយើងសង្ឃឹមថាប្រភេទសត្វនេះនឹងនៅរស់រានមានជីវិតសម្រាប់មនុស្សជំនាន់ក្រោយរបស់យើង។ សម្រាប់នៅតាមមូលដ្ឋាន ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារទីជម្រកដ៏សំខាន់សម្រាប់ប្រភេទសត្វនេះ» ។

បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានកូនអណ្តើកហ្លួងចំនួន ២៨១ក្បាល ដែលក្នុងនោះអណ្តើកពេញវ័យមានចំនួន ៥០ក្បាល សម្រាប់បង្កាត់ពូជ រួមទាំងកូនអណ្តើក និងកូនញាស់ចំនួន ២៣១ក្បាល។ ចាប់តាំងពីឆ្នាំ២០១៥ មក អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាបានលែងអណ្តើកហ្លួងពេញវ័យចំនួន១៦៦ ក្បាលទៅក្នុងព្រៃនៅស្រែអំបិល ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិរក្សប្រភេទសត្វដ៏សំខាន់នេះ។ Phal Sophanith – AKP

Related Posts

Previous Article

រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ដែល​វិនិយោគ​ដោយ​ចិន​នៅ​កម្ពុជា​គ្រោង​នឹង​នាំ​ចេញ​សំបក​កង់​ជិត​៦​លានសំបក​ក្នុង​មួយ​ឆ្នាំ

Next Article

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តចុះសួរសុខទុក្ខកម្មករ និងនិយោជិត