ឆ្មបបុរាណរួមចំណែកក្នុងការមើលថែទាំស្ត្រីមានផ្ទៃពោះនៅកម្ពុជា

Khmer Times Share:
ក្រសួងសុខាភិបាលកម្ពុជាបានចាប់ផ្តើមគំនិតផ្តួចផ្តើមដើម្បីបញ្ចុះបញ្ចូលមនុស្សវ័យជំទង់មិនឱ្យរៀបការក្នុងវ័យក្រោម ១៨ឆ្នាំ និងមិនឱ្យចាប់ផ្តើមគ្រួសារអាយុក្រោម ២០ឆ្នាំ។ អង្គការ ADRA កំពុងជួយផ្សព្វផ្សាយសារនេះ។ រូបថត៖ ADRA Canada

ភូមិដាច់ស្រយាលឈ្មោះស្រែវាលកើត ក្នុងប្រទេសកម្ពុជា ស្ថិតនៅចម្ងាយ៣៦គីឡូម៉ែត្រ ពីមណ្ឌលសុខភាពដែលនៅជិតបំផុត។ ផ្លូវធ្វើដំណើរមិនត្រឹមតែមានធូលីនោះទេ នៅរដូវវស្សា ថែមទាំងមានភក់ជ្រៅផងដែរ។

នៅក្នុងតំបន់នេះ សុខភាពមាតាភាគច្រើនស្ថិតនៅក្នុងដៃឆ្មបបុរាណចំនួន៧នាក់ ដែលឆ្មបទាំងអស់នោះស្ថិតក្នុងវ័យ៥០ ឬជិត៦០ឆ្នាំ។ ទោះបីជាពួកគេនៅតែប្រើងារជា “ឆ្មបបុរាណ” ក៏ដោយ ក៏ពួកគេបានឈប់ជួយសម្រាលកូនតាំងពីយូរយារណាស់មកហើយ ដែលជាលទ្ធផលនៃគំនិតផ្តួចផ្តើមរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ និងសង្គ្រោះ (Adventist Development and Relief Agency-ADRA) កម្ពុជា។ ដោយមានការគោរព និងជឿជាក់យ៉ាងខ្លាំងនៅក្នុងជំនឿ និងទំនៀមទម្លាប់ក្នុងស្រុក ពួកគេបានជួយថែទាំអ្នកជំងឺមុនពេលសម្រាល និងក្រោយពេលសម្រាលនៅក្នុងសហគមន៍។

ដូចជានៅតំបន់ជនបទជាច្រើន ក្មេងស្រីតែងតែរៀបការនៅអាយុ ១៦ឆ្នាំ ហើយចាប់ផ្តើមបង្កើតគ្រួសារភ្លាមៗ។ នេះធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃការមានផ្ទៃពោះច្រើនជាងអ្វីដែលពួកគេនឹងត្រូវប្រឈម ប្រសិនបើពួកគេមានអាយុច្រើនជាងនេះពីរបីឆ្នាំទៀត។ ថ្មីៗនេះ ក្រសួងសុខាភិបាលកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្នាក់ជាតិមួយ ដើម្បីបញ្ចុះបញ្ចូលមនុស្សវ័យជំទង់កុំឱ្យរៀបការមុនអាយុ១៨ឆ្នាំ និងមិនឱ្យបង្កើតគ្រួសារមុនអាយុ២០ឆ្នាំ។ ឆ្មបបុរាណមិនដឹងថាត្រូវឆ្លើយតបយ៉ាងណាចំពោះការផ្លាស់ប្តូរដ៏សំខាន់នេះ ហើយបានស្នើសុំឱ្យគម្រោងរួមគ្នាដើម្បីទទួលបានការណែនាំ។

គម្រោងរួមគ្នា (TOGETHER Project) ដោយមានការគាំទ្រពី Global Affairs Canada ធ្វើការជាមួយសហគមន៍ដាច់ស្រយាល និងជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា កេនយ៉ា ហ្វីលីពីន និងអ៊ូហ្គង់ដា ដើម្បីធានាថាប្រជាជនដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់ទាំងនេះអាចប្រើប្រាសសិទ្ធិរបស់ខ្លួនដើម្បីថែទាំសុខភាពរបស់ពួកគេ។

នៅភាគខាងជើងនៃប្រទេសកម្ពុជា អង្គការ ADRA Cambodia បាននាំឆ្មប និងឆ្មបបុរាណមកពិភាក្សាគ្នាក្នុងភាពជាដៃគូប្រកបដោយការគោរពគ្នាទៅវិញទៅមក។ ឆ្មបបុរាណបានទទួលការបណ្តុះបណ្តាលជាមូលដ្ឋាននៃការថែទាំមុនពេលសម្រាល និងក្រោយពេលសម្រាល ជាពិសេសក្នុងការទទួលស្គាល់ពីផលវិបាកដំបូង ដូច្នេះឆ្មបអាចធ្វើអន្តរាគមន៍បានភ្លាមៗ។ ពួកគេលើកទឹកចិត្តស្ត្រីមានផ្ទៃពោះឱ្យទៅពិនិត្យផ្ទៃពោះយ៉ាងហោចណាស់បួនដងនៅមណ្ឌលសុខភាព ទោះបីជាពួកគេគិតថាមិនមានបញ្ហាអ្វីក៏ដោយ។ ពេលខ្លះឆ្មបបុរាណតែងតែជូនស្ត្រីមានផ្ទៃពោះ ទៅមណ្ឌលភាពប្រសិនបើពួកគេមិនហ៊ានទៅដោយខ្លួនឯង។ ពួកគេក៏ត្រូវបានបណ្តុះបណ្តាលផងដែរ ដើម្បីផ្តល់ការប្រឹក្សាអំពីអាហារូបត្ថម្ភ និងប្រឆាំងនឹងជំនឿបែបបុរាណនានាដែលទាក់ទងនឹងអាហារូបត្ថម្ភរបស់ស្ត្រីមានផ្ទៃពោះ និងម្តាយដែលចិញ្ចឹមកូនដោយទឹកដោះ។

ភាពជាដៃគូពិសេសនេះកំពុងជះឥទ្ធិពលវិជ្ជមាននៅក្នុងសហគមន៍ជនបទកម្ពុជា។ ជាមួយនឹងវត្តមាន និងឥទ្ធិពលរបស់ពួកគេនៅក្នុងសហគមន៍ ឆ្មបបុរាណបានរួមចំណែកចែករំលែកការជួយថែទាំសុខភាព និងលើកទឹកចិត្តម្តាយឱ្យស្វែងរកការថែទាំ។ នេះជាបញ្ហាដ៏សំខាន់មួយក្នុងការផ្តល់សេវាសម្រាប់ភូមិដាច់ស្រយាល។

មនុស្សពីរនាក់មកពីគម្រោងរួមគ្នា (TOGETHER Project) និងឆ្មបពីរនាក់មកពីមណ្ឌលសុខភាព បានធ្វើដំណើរតាមផ្លូវដែលមានធូលីដីហុយទៅកាន់ភូមិស្រែវាលកើតជួបជាមួយឆ្មបបុរាណ ដើម្បីពន្យល់ពីរបៀបដែលការពន្យារកំណើតកាត់បន្ថយហានិភ័យចំពោះម្តាយវ័យក្មេង និងទារករបស់ពួកគេ។ អ្នកសម្របសម្រួលគម្រោងបានពន្យល់ថា “ពួកគេបានពិភាក្សាអំពីរបៀបដែលពួកគេអាចពន្យល់ដល់ក្មេងជំទង់អោយមានប្រសិទ្ធភាពអំពីការពន្យាកំណើត ហើយសំខាន់ដូចគ្នាដែរ ចំពោះឪពុកម្តាយដែលទន្ទឹងរង់ចាំការកើតរបស់ចៅៗពួកគេ”។

ពួកគេបាននិយាយថា “ឥឡូវនេះពួកគេយល់ថា ហេតុអ្វីបានជារដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយនេះ ហើយពួកគេនឹងប្រឹងប្រែងអនុវត្តវា ដោយជឿជាក់លើចំណេះដឹង ហើយថាប្រសិនបើពួកគេត្រូវការព័ត៌មានបន្ថែម ឬដំបូន្មាន ពួកគេអាចស្វែងរកព័ត៌មានបានគ្រប់ពេលវេលាពីគម្រោង TOGETHER project៕

Related Posts

Previous Article

មេធាវីជា​ជនជាតិ​អាមេរិកម្នាក់​ត្រូវ​បាននិរទេស​ទៅ​អាមេរិក​វិញក្រោមការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទលើ​កុមារី​កម្ពុជា

Next Article

អង្គការ​សប្បុរសធម៌​អូស្ត្រាលី​​ផ្តល់កម្មវិធីពិនិត្យ​អ៊ុលត្រាសោនដើម្បី​ធ្វើ​ឲ្យ​ការ​សម្រាល​កូនកាន់តែ​មាន​សុវត្ថិភាពនៅកម្ពុជា