ការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទី​២​តម្លៃ​១,៣​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​ត្រូវបានចាប់ផ្តើមដំណើការ

Khmer Times Share:
រូបភាពផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ហើយផ្លូវ​ល្បឿន​លឿន​នេះ​នឹងចាប់ផ្តើមធ្វើ​នៅ​ខែមិថុនា ឆ្នាំ​២០២៣។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាលពី​ថ្ងៃ​ពុធ​ កម្ពុជាបាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទី២ដែល​វិនិយោគ​ដោយ​ចិន​តភ្ជាប់​រាជធានី​ភ្នំពេញ​ជាមួយ​ក្រុង​បាវិត​ក្នុង​ខេត្ត​ស្វាយរៀង​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៥,០០០នាក់។

វិនិយោគដោយសាជីវកម្មថ្នល់ និងស្ពានរបស់ក្រុមហ៊ុនចិនក្នុងចំនួនទឹកប្រាក់១.៣ ពាន់លានដុល្លារ គម្រោងផ្លូវល្បឿនលឿនដែលមានប្រវែង១៣៥.១ គីឡូម៉ែត្រ នឹងត្រូវបានអភិវឌ្ឍក្នុងទម្រង់ សាងសង់-ប្រតិបត្តិការ-ផ្ទេរ ជាមួយនឹងរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំ។

គម្រោង​ផ្លូវ​ល្បឿន​លឿន​៤​គន្លងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​ក្នុង​រយៈពេល​៤​ឆ្នាំ​។

ថ្លែងក្នុងពិធីនោះ លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍទេសចរណ៍ ដោយលោកបានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានវិនិយោគលើផ្លូវល្បឿនលឿននៅកម្ពុជា។

លោកបានបន្តថា “ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាផ្លែផ្កាមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ”។ ផ្លូវល្បឿនលឿននេះនឹងជំរុញដល់កំណើននៃការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាផងដែរ ដោយលោកបានបន្ថែមថា ការធ្វើដំណើរលើផ្លូវល្បឿនលឿន ចំណេញទាំងពេលវេលា និងថវិកា។

លោកឯកអគ្គរដ្ឋទូតចិនបាននិយាយថា ឆ្នាំ២០២៣ គឺជាខួបលើកទី៦៥នៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងកម្ពុជា និងខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

លោកបានមានប្រសាសន៍ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ មិនត្រឹមតែជានិមិត្តរូបនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជាផងដែរ។

សាជីវកម្មថ្នល់ និងស្ពានចិនក៏ជាក្រុមហ៊ុនអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង១៨៧គីឡូម៉ែត្រ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីខែតុលាឆ្នាំមុន។ Xinhua

Related Posts

Previous Article

កម្ពុជាអបអរគុយបា ក្នុងការទទួលបានតំណែងជាប្រធាន G-77 + ចិន

Next Article

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​លើកឡើង​អំពី​ហានិភ័យ​ដែល​អាចបង្កឡើងដោយ​ណាតូ