កម្ពុជារកចំណូលបាន ៧៧,៤ លានដុល្លារពីការនាំចេញអង្ករទៅកាន់ប្រទេសចិនក្នុងរយៈពេល ៥ ខែដំបូង

Khmer Times Share:
ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើងជាងឆ្នាំមុន។   ខ្មែរថាមស៍/ជរ សុគន្ធា

សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កម្ពុជាបាននាំចេញអង្ករចំនួន ១១៨,០៤១ តោនទៅប្រទេសចិនក្នុងរយៈពេល៥ ខែដំបូងនៃឆ្នាំ២០២៣  ដោយទទួលបានប្រាក់ចំណូលចំនួន៧៧,៤ លានដុល្លារ។

សេចក្តីប្រកាសព័ត៌មានបានបន្តទៀតថា “ប្រទេសចិនគឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្ករកម្ពុជាដែលមានចំនួន ៤២.៤៣ ភាគរយនៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជា (ក្នុងអំឡុងខែមករាដល់ខែឧសភា ឆ្នាំ២០២៣)”។

លោក ចាន់ សុខឃាង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយថា ប្រទេសចិនគឺជាទីផ្សារដ៏ធំសម្រាប់ទំនិញនេះ។

លោកបានបន្ថែមថា “សហព័ន្ធនឹងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាថា ការលក់អង្ករប្រចាំឆ្នាំទៅកាន់ប្រទេសចិនបានចំនួន ៤០០,០០០ តោនក្នុងមួយឆ្នាំៗ” ។

យោងតាមសេចក្តីប្រកាសព័ត៌មាន កម្ពុជាបាននាំចេញអង្ករចំនួន ២៧៨,១៨៤ តោនទៅកាន់ប្រទេស និងតំបន់ចំនួន ៥០ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ដែលបង្កើតចំណូលបានចំនួន ១៩១,៦ លានដុល្លារ។

ប្រភេទ​អង្ករ​រួម​មាន អង្ករ​ក្រអូប អង្ករ​ស​គ្រាប់​វែង អង្ករ​ចំហុយ និង​អង្ករ​សរីរាង្គ។

សេចក្តីប្រកាសព័ត៌មានបានអោយដឹងទៀតថា ប្រទេសហ្វីលីពីនគឺជាទីផ្សារថ្មីមួយសម្រាប់អង្កររបស់កម្ពុជា ហើយកម្ពុជាបាននាំចេញអង្ករក្នុងបរិមាណដ៏ធំលើកដំបូងរបស់ខ្លួនចំនួន ២,៥៧៥ តោនទៅកាន់ប្រទេសហ្វីលីពីនកាលពីខែឧសភា។ Xinhua

Related Posts

Previous Article

ទីក្រុងហូជីមិញ និងកម្ពុជាចែករំលែកបទពិសោធន៍ក្នុងកិច្ចការសហជីព

Next Article

​កាកបាទក្រហម​កម្ពុជា​ ​ចូល​គាល់​ព្រះមហាក្សត្រ ​អំពី​សមិទ្ធផល​ការងារ​ឆ្នាំ​២​០​២​២​ ​និង​៥​ខែ​ដើម​ឆ្នាំនេះ​