​គ​.​ជ​.​ប​. ​ពន្យល់​ពី​ការ​ប្រមូល​ពហុ​មតិ​ពាក់ព័ន្ធ​នឹង​វិ​សោ​ធ​នកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​រៀបចំ​បទបញ្ជា​និង​នីតិវិធី​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ យ៉េ​ង​ ​វីរៈ​ ​ប្រធាន​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​។​  ​រូបភាព​៖​ ​G​D​P​

 

​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​​ការបោះឆ្​នោត​ (គ.ជ.ប)​ ​បាន​​ពន្យល់​ពី​កា​រដាក់​សំណើ​សុំ​ពិនិត្យ​និង​ផ្ដល់​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​លើ​សេចក្តីព្រាង​ការ​កែ​សម្រួល​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​ឆ្នាំ​២០២៣​ ​ដើម្បី​ស្រប​នឹង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ថ្មី​។​

​លោក​ ​ហង្ស​ ពុទ្ធា ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​បាន​លើក​ឡើង​ថា​ ​ពេល​នេះ​ ​គ​.​ជ​.​ប​.​កំពុងតែ​មមាញឹក​ណាស់​ចំពោះ​ដំណើរ​ការ​រៀប​ចំ​ការ​បោះឆ្នោត​ ​ហើយ​នៅ​ពេល​មាន​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​គ​.​ជ​.​ប​.​ត្រូវលើ​ក​ជា​សំណើ​ផ្ដល់​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​។​ ​ប្រសិនបើ​ជា​ភាគី​ពាក់ព័ន្ធ​ចង់​មានយោបល់​លើ​បញ្ហា​នេះ​ ​គឺ​ គ.ជ.ប. ​ប្រមូល​ទុក​ជាមុន​នូវ​រាល់​បញ្ហា​ទាំងឡាយ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​។​

​លោក​បន្ត​ថា​ ​នេះ​ជា​ការ​ប្រមូល​ពហុ​មតិ​។​ ​វា​មិន​មែន​ជា​ការខុសឆ្គង​អ្វី​ឡើយ​។​ ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​យ៉ាង​សម្បូរ​បែបជា​តម្រូវ​ការ​ដែល​គ​.​ជ​.​ប.​នឹង​ប្រើប្រាស់​សម្រាប់​ការពិចារណា​សម្រាប់​ការ​តាក់តែង​បទបញ្ជា​និង​នីតិវិធី​របស់​គ​.​ជ​.​ប​.​សម្រាប់​ការ​បោះឆ្នោត​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​គ​.​ជ​.​ប​. ​គ្រាន់តែ​មានការ​ត្រៀម​ទុកជាមុន​។​ ​បានន័យ​ថា​ ​ក្នុង​កា​លៈ​ទេ​លៈ​បែប​ណា​ក៏ដោយ​ ​ក៏​គ​.​ជ​.​ប​.​ប្រើប្រាស់​នូវ​អ្វី​ដែល​ជា​គំនិត​យោបល់​នៃ​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ ​ឬ​មិន​ប្រើប្រាស់​ជា​ជម្រើស​ផ្សេង​»​។​

​លោក​បន្ថែម​ថា​៖​ ​«​យ៉ាងណា​ការ​ប្រមូល​បាន​នូវ​មតិ​និង​ទ​ស្សនៈ​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​គឺជា​បញ្ហា​សំខាន់​ដែល​គ​.​ជ​.​ប​.​ត្រូវតែ​មាន​ជា​មូលដ្ឋាន​សម្រាប់​ពិចារណា​ក្នុង​ការ​តាក់តែង​នីតិវិធី​និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ​»​។​

​ការ​ពន្យល់​នេះ​ធ្វើឡើង​បន្ទាប់ពី​ភាគី​មួយ​ ​គឺ​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​សម្ដែង​ការ​ហួសចិត្ត​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ដែល​បាន​អនុវត្ត​លើស​ពី​ច្បាប់​រហូតដល់​ក្លាយ​ជា​ស្ថាប័ន​អនុវត្ត​សេចក្ដី​​ព្រៀ​ង​ច្បាប់​បោះឆ្នោត​។​

​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ ​បាន​និយាយ​ថា​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដាក់​សំណើ​សុំ​ពិនិត្យ​និង​ផ្ដល់​យោបល់​លើ​សេចក្តីព្រាង​ការ​កែ​សម្រួល​បទបញ្ជា​ ​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​ឆ្នាំ​២​០​២​៣​ ​លេខ​៦​៣​៥​ ​គ​.​ជ​.​ប​ ​ចុះ​ថ្ងៃ​ទី​២​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​។​

​លោក​ យ៉េ​ង​ ​វីរៈ​ ​ប្រធាន​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ ​កត់​សម្គាល់​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​គឺ​ការចែក​ទុក​ព្រះរាជក្រម​ដែល​ប្រកាស​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ទាំង​ដែល​ព្រះមហាក្សត្រ​មិនទាន់​ឡាយ​ព្រះ​ហ​ស្ថ​ប្រកាស​ឱ្យ​ប្រើ​នៅឡើយ​ ​ហើយ​មុន​ថ្ងៃ​ដែល​ព្រឹទ្ធសភា​បាន​ឯកភាព​ទៅទៀត​ ​បានន័យ​ថា​ ​គ.ជ.ប​ ​ប្រញាប់​ប្រញាល់​រហូត​ដល់​ក្លាយ​ជា​ស្ថាប័ន​អនុវត្ត​សេចក្តី​ព្រាង​ច្បាប់​។​

​ចំណែក​ការ​អនុម័ត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ្មាន​ខ្លឹមសារ​និង​គ្មាន​អត្ថិភាព​។​

​លោក​បន្ត​ថា​ថា​ ​«​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​»​ ​ដែល​ស្នើ​ដោយ​នាយក​រដ្ឋមន្ត្រី​នេះ​ត្រូវ​បាន​អនុម័ត​យ៉ាង​ប្រញាប់​ប្រ​ញ៉ាល់ ​ដែល​ត្រូវ​បាន​រិះគន់​ពីសំណាក់​ម​ជ្ឃដ្ឋា​ន​ជាច្រើន​។​

​ប្រធាន​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ ​បាន​លើក​ឡើង​ថា​៖​ ​«​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ​នៅ​មានមន្ទិល​ ​និង​ភាព​មិន​ប្រក្រតី​ ​ហើយ​គឺជា​ការ​ប្រើប្រាស់​អំណាច​នីតិប្បញ្ញត្តិ​ជា​ឧបករណ៍​កេង​ចំណេញ​នយោបាយ​របស់​គណបក្ស​កាន់អំណាច​ដើម្បី​បង្ក្រាប​បំបាក់​ ​រឹតត្បិត​កម្លាំង​គណបក្ស​ដែល​ជា​គូ​ប្រកួត​»​។​

​លោក​បន្ថែម​ថា​៖​ ​«​ទង្វើ​បែប​នេះ​ ​រឹត​តែ​បញ្ជាក់​អំពី​ឥទ្ធិពល​នៃ​អំណាច​លើសលុប​របស់​គណបក្ស​កាន់​អំណាច​ទៅ​លើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​សមត្ថកិច្ច​របស់​ ​គ​.​ជ​.​ប​ ​ដោយ​ឯករាជ្យ​ ​និង​អព្យាក្រឹត​ ​ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយសេរី​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ ​ក​៏ដូចជា​បាត់បង់​ទំនុក​ចិត្ត​ពីសំណាក់​ប្រជាពលរដ្ឋ​ ​និង​គណបក្ស​នយោបាយ​»​។​

​តាមរយៈ​កិច្ចប្រជុំ​ពេញអង្គ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ព្រឹទ្ធសភា​បាន​អនុម័ត​សេចក្តី​ព្រាង​ស្តីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដោយ​ឥត​មាន​កែ​ប្រែ​ត្រង់កន្លែង​ណា​ឡើយ​នៅ​ក្នុង​សេចក្តីព្រាង​នោះ​។​

​ការប្រកាស​របស់​ព្រឹទ្ធសភា​ ​បញ្ជាក់​ថា​ ​សមាជិក​ព្រឹទ្ធ​សភា​ទាំង​អស់​ដែល​មាន​៥​៩​រូប​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​ ​សុទ្ធតែ​យល់​ព្រមទាំង​អស់​លើ​ការ​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​នេះ​។​ ​ពី​ភាគី​រដ្ឋាភិបាល​ ​អ្នក​ដែល​ចូល​ទៅ​ការពារ​សេចក្តីព្រាង​វិសោធនកម្ម​នេះ​ ​គឺ​លោក​ ​កើត​ ​រិទ្ធ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងយុត្តិធម៌​។​

​ក្រោយ​ឆ្លងកាត់​ការ​អនុម័ត​ពី​រដ្ឋសភា​ ​ព្រឹទ្ធសភា​ ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​រួច​ ​សេចក្តីព្រាង​ស្តីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នឹង​ត្រូវ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ ​ដើម្បី​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​។​

​មាត្រា​ថ្មី​ដែល​ត្រូវ​បាន​សរសេរ​ចូល​ទៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ ​មានខ្លឹមសារ​ជា​រួម​ថា​ ​អ្នក​ដែល​មិនទៅ​បោះ​ឆ្នោត​នឹង​មិន​មាន​សិទ្ធិ​ឈរ​ជា​បេក្ខជន​ឱ្យ​គេ​បោះ​ឆ្នោត​ ​នៅ​ពេល​ក្រោយ​ឡើយ​។​ ​មាត្រា​ថ្មី​ ​ក៏មាន​ចែង​ពី​ការ​ពិន័យ​ប្រាក់​ ​ឬ​ការ​ដាក់ទោស​ទណ្ឌ​លើ​អ្នក​ដែល​ធ្វើសកម្មភាព​រារាំង​ប្រ​ពលរដ្ឋ​មិន​ឲ្យទៅ​បោះឆ្នោត​ ​និង​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ផង​ដែរ​៕​

Related Posts

Previous Article

ឃាត់ខ្លួន​ជនសង្ស័យពាក់ព័ន្ធនឹង​គ្រឿងញៀនចំនួន​៩.០៣៤​នាក់ និងរឹបអូស​គ្រឿងញៀនបាន​ជិត​១​តោន

Next Article

​គ​.​ជ​.​ប​ ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ​ស្វែងរក​ទីតាំង​ ​និង​បូកសរុប​លទ្ធផល​បោះឆ្នោត​