តំបន់​មាន​គ្រាប់មីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជិត​៣.០០០​គីឡូម៉ែត្រ​ក្រឡាត្រូវបានបោសសម្អាត  និងប្រគល់​ជូនទៅប្រជា​កសិករ​វិញ

Khmer Times Share:
លោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១នៃអាជ្ញាធរមីន បានផ្តល់ស្ថិតិស្តីពីគ្រាប់មីននៅកម្ពុជា។ CMAA

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីប្រមាណ ២,៥៧៩ គីឡូម៉ែត្រក្រឡាក្នុងរយៈពេល៣០ ឆ្នាំចុងក្រោយនេះ។

លោកបានបន្តថា “អស់រយៈពេល៣០ឆ្នាំ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិបានធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជា ដើម្បីបោសសម្អាតតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រមាណ ២,៥៧៩ គីឡូម៉ែត្រក្រឡា ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០២២”។ «តំបន់នេះត្រូវបានប្រគល់ជូនសហគមន៍វិញក្នុងគោលបំណងអោយប្រជាកសិករអាចប្រកបរបរកសិកម្ម ការតាំងទីលំនៅថ្មី ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងទៀត»។

លោកបានលើកឡើងទៀតថា កម្ពុជានៅមានផ្ទៃដី ៥៦៣ គីឡូម៉ែត្រក្រឡាដែលមានមីន និងប្រមាណ ១.៣២២ គីឡូម៉ែត្រក្រឡាផ្សេងទៀតមានសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោមផ្សេងទៀត។

លោកបាននិយាយថា គ្រាប់មីន និងគ្រាប់បែកចង្កោមដែលនៅសេសសល់ទាំងនេះបានលាក់ខ្លួននៅក្រោមផ្ទៃ ដោយរង់ចាំយ៉ាងស្ងៀមស្ងាត់ដើម្បីបង្កគ្រោះថ្នាក់ និងឆក់យកជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានរារាំងដល់ការស្តារឡើងវិញនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងធ្វើអោយប្រជាជនមិនអាចទទួលបានសេវាសំខាន់ៗដូចជាទឹកស្អាត ការអប់រំ និងការថែទាំសុខភាព។

លោកបានបន្ថែមថា “យើងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងឡើងវិញ និងពន្លឿនសកម្មភាពដើម្បីសម្រេចបាននូវគោលដៅគ្មានមីននៅឆ្នាំ២០២៥” ។ “នេះតម្រូវឱ្យមានឆន្ទៈនយោបាយ ការសម្របសម្រួលគោលនយោបាយ និងការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាពពីគ្រប់វិស័យ”។

កន្លងមក លោកបានអោយដឹងថា ប្រជាជនកម្ពុជាប្រមាណ ១លាននាក់ នៅតែរស់នៅក្នុងភាពភ័យខ្លាច និងធ្វើការនៅតំបន់ដែលមានមី និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​រង​គ្រោះ​ខ្លាំង​ជាង​គេ​ដោយ​គ្រាប់​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ តាមការប៉ាន់ប្រមាណ គ្រាប់មីនពី៤លានទៅ ៦ លានគ្រាប់ និងគ្រាប់ផ្ទុះផ្សេងទៀតត្រូវបានបន្សល់ទុកពីសង្គ្រាមដែលមានរយៈពេល៣ ទសវត្សរ៍ និងជម្លោះផ្ទៃក្នុង។

យោងតាមសាកលវិទ្យាល័យ Yale ចន្លោះឆ្នាំ ១៩៦៥ និង ១៩៧៣ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចំនួន ២៣០,៥១៦ លើទីតាំងចំនួន ១១៣,៧១៦កន្លែងនៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ចុងក្រោយរបស់ CMAA បានបង្ហាញថា ចាប់ពីឆ្នាំ១៩៧៩ ដល់ខែមេសា ឆ្នាំ២០២៣  គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានឆក់យកជីវិតមនុស្សចំនួន ១៩,៨១៩ នាក់ ហើយរបួស និងពិការចំនួន ៤៥,១៩៨ នាក់ផ្សេងទៀត។ Xinhua

Related Posts

Previous Article

បវរកញ្ញាមកពីប្រទេស Namibia បានមកដល់​កម្ពុជាដើម្បីចូលរួម​កម្មវិធីប្រកួត Miss Teen International

Next Article

​អ្នកជំនាញ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​ខិតខំ​លើក​តម្លៃ​តំបន់​អង្គរ​