កិច្ចព្រមព្រៀង RCEP និង FTAs នឹងទាក់ទាញការវិនិយោគកាន់តែច្រើនមកកម្ពុជា

Khmer Times Share:

ធនាគារជាតិកម្ពុជាបាននិយាយនៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។

បន្ថែមពីលើកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងតំបន់ដែលមានសមាជិកចំនួន១៥ប្រទេស នៅអាស៊ីប៉ាស៊ីហ្វិក កម្ពុជាក៏នៅមានកិច្ចព្រមព្រៀង FTAs ជាមួយប្រទេសចិន កូរ៉េខាងត្បូង និងអារ៉ាប់រួម ផងដែរ។

របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញអោយដឹងទៀតថា ” ក្រោមការអនុវត្តកិច្ចព្រមព្រៀង RCEP និង FTAs កម្ពុជាត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដែលនឹងជំរុញផលិតភាព និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច” ។

កម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន ៤.៦៨ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៧.៥% ឬស្មើនឹង ៤.៣៥ ពាន់លានដុល្លារ។

របាយការណ៍បានឱ្យដឹងទៀតថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើន ៥.៦% នៅឆ្នាំ២០២៣ ពីត្រឹម ៥.២% កាលពីឆ្នាំមុន ដែលជំរុញដោយការនាំចេញសម្លៀកបំពាក់ និងផលិតផលមិនមែនកាត់ដេរ ការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍ រួមជាមួយនឹងកំណើនដ៏រឹងមាំនៃការដឹកជញ្ជូន ទូរគមនាគមន៍ និង កសិកម្ម។

របាយកាណ៍បានបន្ថែមថា ការធ្លាក់ចុះបន្ថែមទៀតនៃសកម្មភាពសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងអឺរ៉ុប អាចប៉ះពាល់ដល់ការនាំចេញ និងលំហូរមូលធននៅកម្ពុជា។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាននិយាយថា កិច្ចព្រមព្រៀង RCEP និង FTAs នឹងជួយកម្ពុជាបញ្ចប់ពីឋានៈជាប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ និងសម្រេចបានគោលដៅក្លាយជាប្រទេសចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានប្រាប់ Xinhua ថា “RCEP នឹង FTAs មិនត្រឹមតែជំរុញដល់កំណើនពាណិជ្ជកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាមេដែកដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត” ។

កិច្ចព្រមព្រៀង RCEP មានប្រទេសសមាជិកដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា លោក សុខ ស៊ីផាន់ណា បានលើកឡើងថា RCEP គឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលមានសក្តានុពលក្នុងការរៀបចំអនាគតនៃពាណិជ្ជកម្មក្នុងតំបន់ ដោយបើកឱកាសសម្រាប់កំណើន និងការអភិវឌ្ឍ។

លោកបាននិយាយបែបនេះក្នុងវេទិកាស្តីពី RCEP កាលពីពេលថ្មីៗនេះនៅទីក្រុងភ្នំពេញថា “ទីតាំងភូមិសាស្ត្ររបស់កម្ពុជា រួមជាមួយនឹងកម្លាំងពលកម្មវ័យក្មេង និងសកម្មរបស់ខ្លួន បានធ្វើអោយកម្ពុជាក្លាយជាទិសដៅវិនិយោគដ៏ទាក់ទាញនៅក្នុងក្របខ័ណ្ឌ RCEP” ។

លោកបានបន្តថា “ជាមួយនឹងមូលដ្ឋានផលិតកម្មប្រកួតប្រជែងរបស់ខ្លួន និងលក្ខខណ្ឌពាណិជ្ជកម្មអនុគ្រោះដែលផ្តល់ដោយ RCEP កម្ពុជាមានភាពទាក់ទាញក្នុងការវិនិយោគ និងពង្រីកទីផ្សារនាំចេញរបស់ខ្លួន”។

លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅទីក្រុងភ្នំពេញ បាននិយាយថា RCEP និង FTAs នឹងអនុញ្ញាតឱ្យកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារធំៗ ជាមួយនឹងសម្បទានពន្ធ។

លោកបានបន្ថែមថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ រួមជាមួយនឹងច្បាប់វិនិយោគអំណោយផលរបស់កម្ពុជា គឺជាគន្លឹះក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩”៕ Xinhua

Related Posts

Previous Article

អង្គការ Oxfam និងសមាគមសហគ្រិនវ័យក្មេងសហការរៀបចំ “វេទិកាធុរកិច្ចប្រកបដោយនិរន្តរភាព”

Next Article

ប្រទេសចិននៅតែជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់កម្ពុជា