ក្រុមហ៊ុនស្រូវសហការជាមួយភាគីពាក់ព័ន្ធរបស់ប្រទេសហូឡង់សម្រាប់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព

Khmer Times Share:

កិច្ចប្រជុំរវាងក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd. និងអ្នកទិញ តំណាងក្រសួងការបរទេសហូឡង់ ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ ដែលបានធ្វើឡើងនៅដើមសប្តាហ៍នេះ បានពិភាក្សាអំពីការលើកកម្ពស់កសិកម្មសរីរាង្គ ស្រូវអង្គរ និងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពនៅខេត្តមណ្ឌលគិរី។

ក្រុមហ៊ុនបាននិយាយថា«តាមរយៈគម្រោងសហការនេះ ក្រុមហ៊ុន Amru Rice ដោយមានជំនួយពីរដ្ឋាភិបាលហូឡង់ និងអ្នកពាក់ព័ន្ធនឹងបង្កើតឱកាសការងារសម្រាប់កសិករនៅតំបន់ដាច់ស្រយាល ផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានទីផ្សារតម្លៃល្អពីកសិកម្មសរីរាង្គ និងប្រកាន់ខ្ជាប់នូវការអនុវត្តសង្គម និងបរិស្ថានដែលធានាដល់ការស្តុកទុក និងគុណភាពស្រូវ​អង្ករ​»​។

ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាតំបន់សម្បូរជីវចម្រុះ និងដីមានជីជាតិ។ ប៉ុន្តែ តំបន់នេះប្រឈមនឹងបញ្ហាប្រឈមជាច្រើនដែលរារាំងសក្តានុពលកសិកម្មរបស់ខ្លួន រួមទាំងលទ្ធភាពដែលនៅមានកម្រិតចំពោះការអនុវត្តកសិកម្មទំនើប និងខ្វះធនធានគ្រប់គ្រាន់សម្រាប់កសិករ ដែលភាគច្រើនជាកសិករខ្នាតតូច។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ គម្រោងកសិកម្មសរីរាង្គ ជាពិសេសសកសិកម្មស្រូវអង្ករប្រកបដោយនិរន្តរភាព នឹងក្លាយជាយន្តការគាំទ្រយុទ្ធសាស្ត្រអន្តរាគមន៍រយៈពេលវែង ដើម្បីដោះស្រាយបញ្ហាប្រឈមនិងផ្តល់ផលប្រយោជន៍វិជ្ជមានដល់កសិករខ្នាតតូច។

ក្រុមហ៊ុន Amru Rice និងនិងដៃគូស្ថាប័នពាក់ព័ន្ធលើគម្រោងនេះ បាននិងកំពុងឈរលើទស្សនវិស័យរួម ក្នុងការលើកកម្ពស់ការអនុវត្តកសិកម្មសរីរាង្គ ជាពិសេសស្រូវអង្ករប្រកបដោយនិរន្តរភាព ដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិសុខស្បៀងអាហារសកល និងការអភិរក្សបរិស្ថានផងដែរ។

ក្រុមហ៊ុន Amru Rice ក្នុងនាមជាអ្នកនាំចេញអង្ករសរីរាង្គឈានមុខគេ បាននិងកំពុងលើកកម្ពស់កសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់តាមរយៈខ្សែសង្វាក់តម្លៃកសិកម្មសរីរាង្គរបស់ខ្លួន។

ដោយធ្វើការជាមួយកសិករខ្នាតតូចជិត ២០,០០០ នាក់ដើម្បីផលិតស្រូវសរីរាង្គតាំងពីឆ្នាំ២០១៣  ក្រុមហ៊ុនបាននិងកំពុងត្រួសត្រាយផ្លូវសម្រាប់កសិករក្នុងការសម្របខ្លួនទៅនឹងបច្ចេកទេសធ្វើស្រែដែលមិនប៉ះពាល់ដល់បរិស្ថានដោយមិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីសំយោគ។

វិធីសាស្រ្តនេះមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យជីវភាពកសិករកាន់តែមានភាពល្អប្រសើរឡើងផងដែរ។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា កម្ពុជាបាននាំចេញអង្ករចំនួន ១៧៦.៥៨១ តោនក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ កើនឡើង ៣.៥ ភាគរយពីចំនួន ១៧០.៥៣៩ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលរកចំណូលបាន ១២៦ លានដុល្លារអាមេរិក។

អង្ករដែលបាននាំចេញរួមមាន អង្ករក្រអូប  អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គ។ AKP-Chea Vannak

Related Posts

Previous Article

សាធារណរដ្ឋកូរ៉េចាប់អារម្មណ៍លើវិស័យភស្តុភារកម្មនៅកម្ពុជា

Next Article

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានតម្លៃជាង ២៣ លានដុល្លារ