ក្រសួងការងារ និងសាលាអន្តរជាតិកម្ពុជាសិង្ហបុរី ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនខ្មែរ

Khmer Times Share:
លោក Tan Wee Pin នាយកសាលាអន្តរជាតិកម្ពុជាសិង្ហបុរី (SCIA) និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីចុះហត្ថលេខា។ AKP

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលាអន្តរជាតិកម្ពុជាសិង្ហបុរី (SCIA) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីសហការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់យុវជនខ្មែរ ចំនួន ១,៥លាននាក់។

អនុស្សរណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Tan Wee Pin នាយកសាលាអន្តរជាតិកម្ពុជាសិង្ហបុរី (SCIA) នៅទីស្តីការក្រសួងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផែនការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនខ្មែរប្រមាណ ១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងទទួលបន្ទុកថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភប្រចាំខែ។

លោក Tan បានបញ្ជាក់ថា គោលដៅនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីជួយពង្រឹងសមត្ថភាពបុគ្គលិក កម្មករ យុវជនបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារការងារនៅកម្ពុជា។

ចាប់ពីខែសីហាឆ្នាំនេះ រដ្ឋាភិបាលនឹងផ្តល់ការបណ្តុះបណ្តាលជំនាញដល់យុវជន ១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលក្នុងនោះពួកគេនឹងទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ក្នុងអំឡុងពេលបណ្តុះបណ្តាល៕

Related Posts

Previous Article

ទីប្រឹក្សាស្ថានទូតវៀតណាម៖ វិស័យទេសចរណ៍រវាងទីក្រុងហូជីមិញនិងប្រទេសកម្ពុជានឹងត្រូវបានពង្រឹងបន្ថែម

Next Article

ការនាំចូលរបស់កម្ពុជាពីម៉ាឡេស៊ីកើន ១០១ភាគរយដល់៦៥លានដុល្លារក្នុងខែឧសភា