ព្រឹទ្ធសភាកម្ពុជា អនុម័តទាំង​ស្រុង​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត

ហង្ស ពណ្ណរាយ / Khmer Times Share:
​សកម្មភាព​ក្នុង​សម័យប្រជុំពេញអង្គ​នៃ​ព្រឹទ្ធសភា​ ​ដើម្បី​អនុម័ត​លើ​សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​កាលពី​ព្រឹកម្សិល​មិញ​។​  ​រូបភាព​៖​ ​ព្រឹទ្ធសភា​កម្ពុជា​w

 

​ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​ទាំង​ស្រុង​លើ​ ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ ​ដោយ​សំឡេង​៥​៩​ ​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ ​ដើម្បី​បន្ត​ថ្វាយ​ព្រះមហាក្សត្រ​ ​ទ្រង់​ព្រះហស្ដលេខា​ ​ចេញ​ព្រះរាជក្រឹត្យ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

​ការ​អនុម័ត​ទាំងស្រុង​លើ​ ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំពេញអង្គ​ព្រឹទ្ធសភា​ ​កាលពី​ព្រឹកម្សិល​មិញ​ ​បន្ទាប់ពី​រដ្ឋសភា​ ​បាន​អនុម័តយល់ព្រម​ទាំង​ស្រុង​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩​ ​នីតិកាល​
ទី​៦​ ​ដោយ​សមាជិករដ្ឋសភា​ចំនួន​១​១​១​រូប​។​

​កាល​ពីម្សិលមិញ​ ​អគ្គលេខាធិការដ្ឋាន​នៃ​ព្រឹទ្ធសភា​ ​បាន​ប្រកាស​ព័ត៌មាន​ថា​ ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​ធ្វើឡើង​ដើម្បី​លើកស្ទួយ​គុណ​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ​សេរី​ ​ពហុ​បក្ស​ ​ដូច​បាន​ចារឹក​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ​ដែល​ជា​ច្បាប់​កំពូល​ ​ព្រមទាំង​ដើម្បី​ពង្រឹង​ ​និង​លើក​ក​ម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​អគ្គលេខាធិការដ្ឋាន​នៃ​ព្រឹទ្ធសភា​ ​បន្ថែម​ថា​ ​វិសោធនកម្ម​ច្បាប់​នេះ​ ​ក៏​ដើម្បី​ឱ្យ​អនាគត​អ្នក​ដឹកនាំនយោបាយ​ ​ដែល​មានបំណង​ចង់​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ​ទាំង​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​ក្រោម​ជាតិ​ ​មាន​ការ​ទទួល​ខុស​ត្រូវ​ ​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ​ចំពោះ​ជាតិ​ ​និង​ប្រជាជន​ ​ដោយ​ចាប់​ផ្តើម​ពី​ការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្លួន​នូវ​សិទ្ធិ​បោះឆ្នោត​ ​ដែល​ជា​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ចំពោះ​ប្រទេសជាតិ​នៅ​ក្នុង​សង្គមប្រជាធិបតេយ្យ​។​

​សេចក្តីព្រាងច្បាប់​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធានា​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​ដែល​មានសមត្ថកិច្ច​រៀបចំ​ ​ចាត់​ចែង​ ​និង​គ្រប់គ្រង​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ ​និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុម​ ​ស្រុក​ ​ខណ្ឌ​ ​ពង្រឹង​ដំណើរការ​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ ​និង​ពង្រឹង​នីតិ​រដ្ឋ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ​និង​មាន​និរន្តរភាព​។​

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ​លោក​ ​កើត​ ​រិទ្ធ​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ ​ដើម្បី​កែ​ទម្រង់​ ​សិទ្ធិ​ក្នុង​ការ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ​ដោយ​ចាត់ទុកថា​ ​ការ​កែ​ទម្រង់​នេះ​ ​ដើម្បី​ពង្រឹង​ ​និង​លើក​ក​ម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃពុធ​ ​ក្រសួង​មហាផ្ទៃ​ ​បាន​ប្រកាស​ព័ត៌មាន​ថា​ ​ជាង​៣​ទស​វត្ស​កន្លងមក​នេះ​ ​កម្ពុជា​តែង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ ​ដោយ​ប្រកាន់​យក​របប​នយោបាយ​តាម​បែប​ ​ប្រជាធិបតេយ្យ​ ​សេរី​ ​ពហុ​បក្ស​ ​ដែល​ស្តែង​តាមរយៈ​ដំណើរ​ការ​បោះឆ្នោត​ទាំងសកល​ ​និង​អ​សកល​ ​សរុប​ចំនួន​១​៨​លើក​។​

​ក្រសួង​បន្ថែម​ថា​ ​ដំណើរការ​ប្រជាធិបតេយ្យ​ ​សេរី​ ​ពហុ​បក្ស​ ​នៅ​កម្ពុជា​ ​បាន​ចាក់ឫស​យ៉ាង​រឹង​មាំ​នៅ​ក្នុង​សង្គម​ ​ទាំង​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​ក្រោម​ជាតិ​។​ ​ក្នុងស្មារតី​បន្ត​លើក​ស្ទួយ​គុណ​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ​សេរី​ ​ពហុ​បក្ស​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដួចផ្ដើម​រៀបចំ​សេចក្តី​ ​ព្រាង​ច្បាប់​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​។​

​ក្រសួង​បន្ត​ថា​ ​ការ​កែ​ទម្រង់​ ​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ​ដូច​មាន​ចែង​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ ​ដែល​ចែង​ថា​ ​«​បទ​ប្បញ្ញត្តិ​ដក​សិទ្ធិ​បោះឆ្នោត​ ​និង​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ​ត្រូវ​កំណត់​ក្នុង​ច្បាប់​»​​៕​

Related Posts

Previous Article

កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ថៃ​កើន​ឡើង​ ​១​០​ភាគរយ​គិត​ជា​ទឹកប្រាក់​ ​៤​៨​០​លាន​ដុល្លារ​រយៈពេល​៥​ខែ​ឆ្នាំ​២​០​២​៣​

Next Article

​អដ្ឋិ​ធា​តុទាហាន​វៀតណាម​១​០​នាក់​ទៀត​នៅ​កម្ពុជា​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេសកំណើត