​រដ្ឋាភិបាល​ ​នឹង​ចេញអនុក្រឹត្យ​ផ្ដល់​កម្មវិធី​ឧបត្ថម្ភ​ដល់ស្ត្រី​មានផ្ទៃពោះ​ជា​មន្ត្រី​រាជការ​ ​និង​កូន​ ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ស្ត្រី​មានផ្ទៃពោះ​កំពុង​ស្វែងរក​សេវា​ថែទាំ​សុខភាព​ ​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​ ខ្មែរ​ថា​ម​ស៍​៖​ ​យ៉​ន ​សូវៀត

 

​រដ្ឋាភិបាល​នឹងចេញ​​អនុក្រឹត្យ​ផ្ដល់​កម្មវិធី​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ ​រហូត​កូន​អាយុ​២​ឆ្នាំ​ ​សម្រាប់​ស្ត្រី​ជា​មន្ត្រី​រាជការ​ ​មន្ត្រី​កម្មសិក្សា​ ​និង​មន្ត្រី​ជាប់កិច្ច​សន្យា​ ​ដូច​គ្នា​ទៅ​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​ជា​កម្មការិនី​រោងចក្រ​ ​និង​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​ ​ដើម្បី​សម្រាល​នូវ​ភាព​លំបាក​ ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។​

​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ​ ​កម្មការិនី​ជិត​ ​២​ម៉ឺន​នាក់​ ​នៅ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​ ​កាល​ពី​ម្សិលមិញ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក្នុង​នាម​ជា​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ណែនាំ​ ​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ​័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ឱ្យ​រៀបចំ​អនុក្រឹត្យ​ ​ដើម្បី​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ ​និង​កូន​រហូត​អាយុ​២​ឆ្នាំ​ ​សម្រាប់​មន្ត្រី​រាជការ​ ​មន្ត្រី​កម្មសិក្សា​ ​និង​មន្ត្រី​ជាប់​កិច្ច​សន្យា​ជា​ស្ត្រី​ ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។​

​សម្រាប់​ស្ត្រី​ជា​នគរបាល​ ​និង​ទាហាន​ ​លោក​ ​ហ៊ុន​ ​សែន​ ​ក៏​បាន​ណែនាំ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ពិភាក្សា​ជាមួយ​លោក​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​និង​លោក​ ​ទៀ​ ​បាញ់​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ដើម្បី​ពិនិត្យ​ ​និង​ដាក់​ចេញ​នូវ​កម្មវិធី​ឧបត្ថម្ភ​ដល់​ស្ត្រី​មានផ្ទៃពោះ​ ​និង​កូន​ដល់អាយុ​២​ឆ្នាំ​ ​ផង​ដែរ​។​

​លោក​នាយករដ្ឋមន្ត្រី​បន្ថែម​ថា​ ​បើ​តាម​ការ​ប៉ាន់ស្មាន​ចំពោះ​ឧបត្ថម្ភ​ដល់​ស្ត្រី​មានផ្ទៃពោះ​ ​និង​កុមារ​អាយុ​២​ឆ្នាំ​ ​សម្រាប់​មន្ត្រី​រាជការ​ ​មន្ត្រី​កម្មសិក្សា​ ​មន្ត្រី​ជាប់កិច្ចសន្យា​ ​ជា​ស្ត្រី​មានផ្ទៃពោះ​នេះ​ ​គឺ​ក្នុង​មួយ​ឆ្នាំ​ចំណាយ​ថវិកា​ខ្ទង់​ ​៣​លាន​ដុល្លារ​អាមេរិក​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​សុំ​យក​ឱកាស​នេះ​ ​ប្រកាស​ជូន​មន្ត្រី​រាជការ​ ​មន្ត្រី​កម្មសិក្សា​ ​មន្ត្រី​ជាប់​កិច​្ចសន្យា​ ​ជា​ស្ត្រី​​ទាំងអស់​ ​នៅ​ពេល​មាន​ផ្ទៃពោះ​ ​នឹង​ទទួល​បាន​កម្មវិធី​ឧបត្ថម្ភ​ដូចគ្នា​ទៅ​នឹង​កម្មការិនី​មានផ្ទៃពោះ​ដែរ​  ​គោល​នយោបាយ​គាំពារ​សង្គម​ ​ត្រូវ​បាន​ដាក់​ចេញ​ជាបន្តបន្ទាប់​ ​ដើម្បី​ឆ្លើយតប​ជាមួយ​បញ្ហា​សុខុមាលភាព​របស់​ប្រជាជន​»​។​

​លោកស្រី​ ​បុណ្យ​ ​រចនា​ ​សហ​ស្ថាបនិក​ ​និង​ជា​នាយិកា​អង្គការ​ក្លាហាន​ ​ដែល​ធ្វើ​កិច្ចការ​លើក​ក​ម្ពស់​សិទ្ធិ​ស្រ្តី ​និង​សមភាព​យេ​ន​ឌ​័​រ​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​លោកស្រី​ចង់​ឃើញ​រដ្ឋាភិបាល​អនុវត្ត​កម្មវិធី​ខាងលើ​នេះ​ ឱ្យ​បាន​ទូលំទូលាយ​ ​ជាពិសេស​ដល់​កសិករ​ ​និង​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ ​ទាំង​វិ​ស​័​យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ ​និង​ក្រៅ​ប្រព័ន្ធ​ ​ព្រមទាំង​ដាក់​នៅ​ក្នុង​គោល​នយោបាយ​ជាតិ​ ​ដែល​មាន​ភាព​ច្បាស់លាស់​ ​ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​ស្ត្រី​
មាន​ផ្ទៃពោះ​ ​និង​ម្ដាយ​ក្រោយ​សម្រាល​កូន​។​

​លោកស្រី​បន្ថែម​ថា​ ​នៅ​ពេល​មាន​កម្មវិធី​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ​បែប​នេះ​ ​នឹង​ជួយ​សម្រាល​បន្ទុក​សេដ្ឋកិច្ច​គ្រួសារ​របស់​មន្ត្រី​រាជការ​ ​ដែល​នៅ​មាន​ជីវភាព​ទន់ខ្សោយ​នៅឡើយ​។​

​នាយិកា​អង្គការ​ខាងលើ​បន្ត​ថា​ ​កិច្ច​គាំពារ​សង្គម​ ​គិតទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ ​និង​គ្រប់​វិ​ស​័​យ​ ​មិន​សំដៅ​លើ​វិ​ស​័​យ​
ណា​មួយ​នោះ​ទេ​ ​ព្រោះ​ជីវភាព​ ​និង​ស្ថានភាព​គ្រួសារ​នីមួយៗ​មាន​ក​ម្រិ​ត​ខុសៗគ្នា​។​

​លោកស្រី​បញ្ជាក់​ថា​៖​  ​គាំពារ​សង្គម​ ​យើង​ត្រូវ​មើល​ទៅ​លើ​ស្ត្រី​ទូទៅ​ ​ជាពិសេស​កសិករ​នៅ​តាម​ទី​ជនបទ​ ​មិនថា​ថវិកា​នោះ​ទេ​ ​សូម្បីតែ​សេវា​សុខភាព​ ​ក៏​មិនទាន់​ទទួល​បាន​ទូលំទូលាយ​ ​និង​ពេញលេញ​នៅឡើយ​ ​អ៊ីចឹង​ ​ក​្រៅពី​ផ្ដល់​កិច្ច​គាំពារ​សង្គម​ ​ក៏​ត្រូវ​គិតគូរ​ទៅលើ​សេវា​ថែទាំ​សុខភាព​ ​ដែល​មាន​គុណ​ភាព​ ​និង​គ្របដណ្ដប់​ឱ្យ​បាន​ទូលំទូលាយ​ដល់​​ពួក​គេ​ផង​ដែរ​»​។​

​គួរ​រម្លឹក​ថា​ ​បច្ចុប្បន្ន​ ​រដ្ឋាភិបាល​កំពុង​បន្ត​អនុវត្ត​កម្មវិធី​ខាង​លើ​នេះ​ ​ដល់​កម្មការិនី​ ​និង​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​ ​ទទួល​បាន​ការ​ឧបត្ថម្ភ​សរុប​ ​៧​៦​ម៉ឺន​រៀល​។​ ​ការ​ឧបត្ថម្ភ​ថវិកា​
៧​៦​ម៉ឺន​រៀល​នេះ​ ​ត្រូវ​បាន​ចែក​ជា​ ​៣​ដំណាក់​កាល​។​

​ដំណាក់កាល​ទី​១​ ​នៅ​ពេល​ស្ត្រី​មានផ្ទៃពោះ​ ​ត្រូវ​ផ្តល់​ប្រាក់​ចំនួន​ ​៤​ដង​ ​ដោយ​ក្នុង​មួយដង​ ​៤​ម៉ឺន​រៀល​។​ ​ដំណាក់​កាល​ទី​២​ ​នៅ​ពេល​សម្រាល​ ​ត្រូវ​ផ្តល់​ប្រាក់​ ​២​០​ម៉ឺន​រៀល​ ​និង​ដំណាក់កាល​ទី​៣​ ​ក្រោយពេល​សម្រាល​ ​រហូតដល់​កូន​អាយុ​ពីរ​ឆ្នាំ​ ​គឺ​ត្រូវ​ផ្តល់​ប្រាក់​ចំនួន​ ​១​០​ដង​ ​ដោយ​ក្នុង​មួយ​ដង​ ​ផ្ដល់​ ​៤​ម៉ឺន​រៀល​។​

​ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ខាង​មុខ​នេះ​ ​រដ្ឋាភិបាល​ ​នឹង​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ថ្មី​ ​សម្រាប់​កម្មការិនី​ជា​ស្រ្តី ​គឺ​ទទួល​ប្រាក់​ឧ​ត្ថម្ភ​ចំនួន​ ​៨​ម៉ឺន​រៀល​ ​ក្នុង​មួយដង​ ​សម្រាប់​ពិនិត្យ​ផ្ទៃពោះ​ ​ចំនួន​៤​ដង​ ​និង​ក្រោយពេល​សម្រាល​ចំនួន​ ​១​០​ដង​ ​រ​ហូល​ដល់​កូន​មាន​អាយុ​២​ឆ្នាំ​ ​និង​បើក​ផ្តល់​ ​៨​០​ម៉ឺន​រៀល​ ​សម្រាប់​ការ​សម្រាល​កូន​១​ ​និង​បូកបន្ថែម​ ​៤​០​ម៉ឺន​រៀល​ ​សម្រាប់​កូនភ្លោះ​ទី​២​ ​និង​កូនភ្លោះ​ទី​៣​៕​

Related Posts

Previous Article

​អដ្ឋិ​ធា​តុទាហាន​វៀតណាម​១​០​នាក់​ទៀត​នៅ​កម្ពុជា​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេសកំណើត

Next Article

កម្មវិធីតិចណូវេសិនជួយ​សិស្ស​ស្រី​ក្នុង​ការ​អភិវឌ្ឍវិ​ស​័​យ​បច្ចេកវិទ្យា​