កម្ពុជា​នឹង​ប្រារព្ធ​ខួប​១៥​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​សប្តាហ៍​ក្រោយ

Khmer Times Share:
ប្រាសាទព្រះវិហារ។ AKP

អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំពិធីអបអរសាទរខួប ១៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។

ពិធីអបអរសាទរនាពេលខាងមុខ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីមនុស្សប្រមាណ ១០០០នាក់ ដែលជាតំណាងស្ថានទូតបរទេស សមាជិកស្ថាបនិកនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC- Preah Vihear) ភ្ញៀវជាតិ និងអន្តរជាតិ មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្ត អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស។

ព្រះសង្ឃ​ចំនួន​៧៧​អង្គ​នឹងត្រូវបាន​និមន្ត​មក​ប្រគេន​ចង្ហាន់ និង​សម្ភារ​ចាំបាច់​ផ្សេងៗ​ទៀត។

លើសពីនេះ នឹងមានការរត់ប្រណាំងប្រាសាទព្រះវិហារ (Preah Vihear Temple Run) ដែលចែកចេញជាពីរប្រភេទ គឺរត់ចម្ងាយ ៧គីឡូម៉ែត្រ និងដើរចម្ងាយ ៧០០ម៉ែត្រ នៅទីលានប្រាសាទព្រះវិហារ រួមនឹងការប្រគុំតន្ត្រីនៅថ្ងៃទី៩ ខែកក្កដា ដើម្បីធ្វើឲ្យការប្រារព្ធពិធីកាន់តែមានភាពសប្បាយរីករាយ។

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា នៅលើភ្នំដងរែក ហើយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។

យោងតាមអង្គការយូណេស្កូ ប្រាសាទព្រះវិហារជាប្រាសាទឧទ្ទិសដល់ព្រះសិវៈ។ ប្រាសាទនេះត្រូវបានផ្សំផ្គុំឡើងដោយទីសក្ការៈជាច្រើនដែលតភ្ជាប់ដោយប្រព័ន្ធផ្លូវដើរ និងជណ្តើរលើអ័ក្សប្រវែង ៨០០ ម៉ែត្រ ហើយមានអាយុកាលតាំងពីពាក់កណ្តាលទីមួយនៃសតវត្សទី ១១ នៃគ.ស។ យ៉ាង​ណា​ក៏​ដោយ ប្រវត្តិ​ដ៏​ស្មុគ​ស្មាញ​របស់ប្រាសាទព្រះវិហារ​អាច​ត្រូវ​បាន​គេ​កត់​សម្គាល់​នៅ​សតវត្ស​ទី​៩ ដែល​ជា​ពេល​ដែលប្រាសាទ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ រមណីដ្ឋាននេះត្រូវបានថែរក្សបានយ៉ាងល្អ ជាពិសេសដោយសារតែទីតាំងដាច់ស្រយាលរបស់វា។

រមណីដ្ឋាននេះគឺមានលក្ខណៈពិសេសសម្រាប់គុណភាពនៃស្ថាបត្យកម្មរបស់វា ដែលប្រែប្រួលទៅតាមបរិយាកាសធម្មជាតិ និងមុខងារសាសនារបស់ប្រាសាទ ក៏ដូចជាគុណភាពពិសេសនៃការរចនានៃចម្លាក់ថ្ម។ ប្រាសាទព្រះវិហារ គឺជាស្នាដៃដ៏អស្ចារ្យនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទនេះមានភាព “បរិសុទ្ធ” ទាំងប្លង់ និងភាពលម្អិតនៃការរចនា។

បេតិកភណ្ឌកម្ពុជាផ្សេងទៀត ដែលត្រូវបានចុះបញ្ជីក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៩២ របាំព្រះរាជទ្រព្យ និងល្ខោនស្បែកធំ ដែលត្រូវបានទទួលស្គាល់ពីស្នាដៃនៃបេតិកភណ្ឌអរូបី និងរូបី នៃមនុស្សជាតិ ក្នុងឆ្នាំ២០០៣ និង ២០០៥ និងល្បែងទាញព្រាត់ ដែលជាល្បែងកំសាន្តដ៏មានប្រជាប្រិយ ត្រូវបានដាក់ចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ក្នុងឆ្នាំ២០១៥ ចាប៉ីដងវែង ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់ក្នុងឆ្នាំ២០១៦ ប្រាសាទសំបូរព្រៃគុកត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១៧ ហើយល្ខោនវត្តស្វាយអណ្តែតត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់ក្នុងឆ្នាំ ២០១៨។ AKP-C.Nika

Related Posts

Previous Article

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រៀបចំការតាំងពិពណ៌កុលាលភាជន៍ និងវត្ថុសិល្បៈបុរាណ

Next Article

ក្រសួងការបរទេស៖ ការហោះចូលដែនអាកាសកម្ពុជារបស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពាននិងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា