ក្រសួង​ទុកពេល​ពីរ​ខែឲ្យអង្គការ​កុមារកំព្រា​មួយ​កែលម្អក្រោយ​រកឃើញ​ការថែទាំ​មាន​កម្រិត​ទាប

តន វិបុល / Khmer Times Share:
ក្រុមមន្រ្តីក្រសួងសង្គមកិច្ច​ចុះត្រួតពិនិត្យអង្គការ​ដែល​រងការចោទនៅខេត្ត​កំពង់ចាម។ រូបភាព៖ ក្រសួងសង្គមកិច្ច

 

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ទុក​ពេល​ពីរ​ខែ​ឱ្យ​ អង្គ​ការ​ជួយ​កុមារកំព្រា ចាស់ជរា និង​ជន​មរណៈ​សង្គ្រោះ កែ​លម្អ​អង្គការ​របស់​ខ្លួន​ឡើង​​វិញ បន្ទាប​់ពី​រក​ឃើញ​កំហុស​មួយ​ចំនួន​ដែល​អង្គការ​នេះ​មិនប​ាន​បំពេញ ជាពិសេស​ការ​គ្រប់គ្រង​និង​ការ​ថែទាំ​កុមារ​មាន​កម្រិត​ទាប។

អង្គ​ការជួយ​កុមារកំព្រា ចាស់ជរា និង​ជន​មរណៈ​សង្គ្រោះ មាន​ទីតាំង​ស្ថិតន​ៅ​ភូមិ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្តកំពង់ចាម ដែល​ត្រូវ​បាន​ពលរដ្ឋ​ជាច្រើន​នាក់​លើ​គ្នា​តវ៉ា​និង​ចោទ​ថា ជា​អង្គការ​ក្លែងក្លាយ​ដែល​បង្កើត​ឡើង ដើម្បី​បោកប្រាស់​ជំនួយ​សប្បុរសជន។ ពួក​គេ​បាន​ស្នើ​ក្រសួង​សង្គម​កិច្ច​បិទ​ដំណើរការ​អង្គការ​នេះ។

ក្រសួង​សង្គមកិច្ច​បាន​ចាត់​ក្រុម​ការងារ​ជំនាញ​ត្រួត​ពិនិត្យ​លើ​បញ្ហា​នេះ និង​បាន​ចេញ​សេចក​្ដីប្រកាស​ព័ត៌មាន​ពីថ្ងៃ​ចន្ទ​ថា អង្គ​ការ​ជួយ​កុមារ​កំព្រា ចាស់​ជរា និង​ជន​មរណៈ​សង្គ្រោះ​នេះ គឺ​ពុំបាន​ដាក់ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ឈ្មោះ​អង្គការ​ស្រប​តាម​ច្បាប់​កំណត់ ហើយ​ក៏​ពុំមាន​លិខិត​អនុញ្ញាទ​ទួល​ស្គាល់​ជា​មណ្ឌល​ថែ​ទាំ​កុមារ​ពី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។

ក្រសួង​រកឃើញ​ទៀតថា៖ «អង្គការ​នេះ​ពុំបាន​រៀបចំ​បែងចែក​ប​ន្ទ​ប់​តាម​ភេទ តាម​វ័យ គ្មាន​ចំនួន​បន្ទប់​គ្រប់គ្រាន់ គ្មាន​អនាម័យ​សម្រាប់​កុមារ មនុស្ស​ពេញវ័យ និង​មនុស្ស
​វ័​យ​ចាស់​ដែល​ស្នាក់​នៅ​ក្នុង​អង្គការ​នោះទេ»។

ក្រសួង​សង្គមកិច្ច​បាន​ដាក់​ឱ​សា​នុ​វាទ​ពីរ​ខែ​ដល់​អង្គការ​នេះ​រៀបចំ​នីតិវិធី​ដំណើរការ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​រប​ស់​ក្រសួង ជាពិសេស​តម្រូវ​ឱ្យ​អនុវត្តតាម​នីតិវិធី​ថែទាំ​មនុស្ស​ចាស់​ដោយ​សហការ​ជាមួយ​មន្ទីរ​សង្គម​កិច្ច​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​ត្រូវ​រៀបចំ​រចនា​សម្ព័ន្ធ​គ្រប់គ្រង​របស់​អង្គ​ការឱ្យ​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​នៃ​ការ​បង្កើត​អង្គការ។

លោក ទូច វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​កំពង់ចាម បាន​បញ្ជាក់ថា ក្រសួង​បាន​ផ្ដល់​ជម្រើ​ស​ដល់អង្គការ​ដែល​អាច​បន្ត​ថែទាំ​បានតែ​មនុស្ស​ចាស់​ប៉ុណ្ណោះ ហើយ​ក្រសួង​ទុកពេល​ពីរ​ខែ​សម្រាប់​រៀបចំ​ដំណើរការ​ថែទាំ​មនុស្ស​ចាស់​ស្របតាម​បទដ្ឋាន​ស្ដង់ដា។

លោក​និយាយថា៖ «ប្រធាន​អង្គការ​យល់​ព្រម​ទទួល​យក​ជម្រើស​នេះ ប្រសិនបើ​មិន​យល​់ព្រម​ទទួល​យក​ជម្រើស​នេះ​ទេ នោះ​ក្រសួង​នឹង​សម្រេច​បិទ​អង្គការ​នេះ​តែម្ដង»។

អ្នកស្រី ឡ​ន សំអន ប្រធាន​អង្គ​ការជួយ​កុមារ​កំព្រា ចាស់ជរា និង​ជន​មរណៈ​សង្គ្រោះ បាន​លើក​ឡើង​ថា អ្នកស្រី​យល់ព្រម​តាម​ក្រសួង​សង្គមកិច្ច​ដែល​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរការ​មណ្ឌល​ថែទាំ​មនុស្ស និង​លែង​ថែទាំ​កុមារកំព្រា​ទៀត​ហើយ​ដោយសារ​មាន​កំហុស​មួយ​ចំនួន​ដែល​អង្គការ​មិន​បាន​បំពេញ។

អ្នកស្រី​បន្តថា៖ «ខ្ញុំ​រីករាយ​ដែល​ក្រសួង​សង្គមកិច្ច​ជួយ​សម្រាល​បន្ទុក​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ព​ន្លឿ​ន​ការរៀបចំ​ដំណើរការ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​តាម​ការកំណត់​របស់​ក្រសួង​សង្គមកិច្ច»។

អ្នកស្រី​បាន​អះអាងថា អង្គការ​នេះ​ចាប់​ផ្តើម​សកម្មភាព​តាំងពី​ឆ្នាំ២០០៦មកម៉្លេះ ហើយ​នៅ​ឆ្នាំ​នៅ​ឆ្នាំ២០១៩ អង្គការ​បាន​កសាង​ឡើង​អគារ​ស្នាក់នៅ​មួយ​និង​រោង​បាយ​មួយ​នៅ​លើដី​ទំហំ៣៥ម៉ែត្រ​គុណ​៤៤ម៉ែត្រ​ក្រោម​ជំនួយ​ឧបត្ថម្ភ​កសាង​ពី​ព្រះ​តេជគុណ ជា សុ​មាលា ព្រមទាំង​កៀរ​គរ​ព្រះសង្ឃ និង​សប្បុរសជន​គ្រប​់កន្លែង​សម្រាប់​ការ​ចំណាយ​លើ​អគ្គិសនី ទឹក​ស្អាត សម្ភារៈ​ផ្ទះបាយ សម្ភារៈ​ស្នាក់នៅ និង​ម្ហូប​អាហារ៕

Related Posts

Previous Article

ឥស្សរជន CPP ពីររូប​បញ្ជាក់​ជាថ្មី​ពី​ភាពស្មោះត្រង់ ក្រោយពី​ឈ្មោះ​របស់ខ្លួនត្រូវបានគេ​ប្រើ​ប្រាស់

Next Article

​អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា​ការ​ប​ម្លាស់​ទី​ពលរដ្ឋ​ទៅ​តំបន់​រុន​តា​ឯក​គឺ​មាន​ការសិក្សា​បាន​ច្បាស់លាស់​