ក្នុង​រយៈ​ពេល ៥​ខែដំបូង  កម្ពុជា​ទទួលបានចំណូល ១៦​លាន​ដុល្លារ​​ពីការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​

Khmer Times Share:
ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​អង្គរ​។ រូបថតឯកសារ

ឧទ្យានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញរបស់កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៤៤.៧៥៧ នាក់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ កើនឡើង ៦៥៣ ភាគរយពី ៤៥.៧៧៩ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានឱ្យដឹងថា តំបន់អង្គររកចំណូលបាន១៦ លានដុល្លារពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង៧៦៥ ភាគរយពី ១.៨៥ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីប្រកាសព័ត៌មានបានអោយដឹងទៀតថា នៅក្នុងខែឧសភា ឧទ្យាននេះបានស្វាគមន៍ជនបរទេសចំនួន ៤៥,៧៥៩ នាក់ ដែលរកប្រាក់ចំណូលបាន២លានដុល្លារពីការលក់សំបុត្រ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ បានចាត់ទុកថា កំណើននេះគឺដោយសារប្រទេសចិនបានបន្ធូរបន្ថយវិធានការប្រឆាំងជំងឺកូវីដ-១៩ និងអនុញ្ញាតអោយមានដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសរបស់ខ្លួនឡើងវិញនៅដើមឆ្នាំនេះ។

លោកបានប្រាប់ Xinhua ថា “យើងជឿជាក់ថា ភ្ញៀវទេសចរបរទេសកាន់តែច្រើននឹងមកកម្ពុជា ជាពិសេសទៅអង្គរនៅឆ្នាំខាងមុខ ដោយសារក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបើកជើងហោះហើររបស់ពួកគេមកកម្ពុជាឡើងវិញ”។

លោក បានបន្តថា ការត្រលប់មកវិញរបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន គឺជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងយុគសម័យក្រោយជំងឺរាតត្បាត។

ឧទ្យានបុរាណវិទ្យាអង្គរទំហំ ៤០១ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងខេត្តសៀមរាប បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា។ Xinhua

Related Posts

Previous Article

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាសម្ព័ន្ធភាពAUKUS ក្លាយជាកង្វល់សម្រាប់អាស៊ានជុំវិញការរីកសាយអាវុធនុយក្លេអ៊ែរ

Next Article

អ្នកជំនាញវៀតណាមអះអាងថា វៀតណាមមិនរងផលប៉ះពាល់នៅពេលដែលម្រេចកម្ពុជាត្រូវបាននាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិននោះទេ