សាធារណរដ្ឋកូរ៉េចាប់អារម្មណ៍លើវិស័យភស្តុភារកម្មនៅកម្ពុជា

Khmer Times Share:

សាធារណរដ្ឋកូរ៉េបានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ជាពិសេសលើវិស័យភស្តុភារកម្ម។

ការលើកឡើងបែបនេះ ធ្វើឡើងដោយលោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ខណៈចូលជួបសម្តែងការគួរសមជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង កាលពីរសៀលម្សិលមិញ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីការបញ្ចប់ផែនការមេ ស្តីពីការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារអន្តរកម្មនៃប្រទេសកម្ពុជា ដែលនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនក្នុងប្រទេសកាន់តែមានភាពប្រកួតប្រជែង។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយកម្ពុជាក្នុងការអភិវឌ្ឍន៍របស់ខ្លួន ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍន៍ធនធានមនុស្ស។ លោកក៏បានលើកឡើងអំពីគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលនឹងក្លាយជាកន្លែងទាក់ទាញនៃរាជធានីភ្នំពេញ និងជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតក៏បានកោតសរសើរចំពោះវឌ្ឍនភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

លោកបានបញ្ជាក់សារជាថ្មីក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានសន្យាថានឹងទាក់ទាញអ្នកវិនិយោគកូរ៉េកាន់តែច្រើនមកបណ្តាក់ទុនក្នុងវិស័យភស្តុភារកម្មនៅកម្ពុជា។

លោកក៏បានកោតសរសើរដល់កម្ពុជា ដែលទទួលបានជោគជ័យនាពេលថ្មីៗនេះ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលខាងមុខ ដែលនេះបានលើកកំពស់កិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ AKP-L Vy

Related Posts

Previous Article

ប្រទេសថៃអនុញ្ញាតឱ្យពលករបរទេស រួមទាំងពលករខ្មែរបន្តស្នាក់នៅ និងធ្វើការរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត

Next Article

ក្រុមហ៊ុនស្រូវសហការជាមួយភាគីពាក់ព័ន្ធរបស់ប្រទេសហូឡង់សម្រាប់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព